សូមឱ្យយើងម្នាក់ៗអុជចង្កៀងមួយ

ដោយព្រះគ្រូនីវ៉ាណូ នីជីកុ
ព្រះប្រធានអង្គការរីហ្សូកូសេកៃ

ជាជាងត្អូញត្អែរអំពីភាពងងឹត

រហូតមកដល់ពេលនេះក៏ដោយក៏មនុស្សជាច្រើននៅជុំវិញពិភពលោកកំពុងតែរងទុក្ខវេទនាដោយសារសង្គ្រាមនិងការគាបសង្កត់។ ចាប់តាំងពីរដូវផ្ការីកកន្លងទៅនេះសម្តេចប៉ាបឡេអូទី១៤នៃព្រះវិហារកាតូលិក បានអំពាវនាវដល់មេដឹកនាំនៃប្រទេសនានាក្នុងពិភពលោកឱ្យ «ខិតខំបញ្ចប់សង្គ្រាមនិងលើកកម្ពស់សន្តិភាពព្រមទាំងការផ្សះផ្សា» ដោយសង្កត់ធ្ងន់លើតម្រូវការ «បញ្ឈប់ការគោរពបូជាខ្លួនឯងនិងគោរពប្រាក់កាសព្រមទាំងបញ្ឈប់ការបង្ហាញអំណាចពីព្រោះថាភាពខ្លាំងពិតប្រាកដគឺត្រូវបង្ហាញតាមរយៈការបម្រើនិងឱ្យតម្លៃដល់ជីវិត»។

ក៏ប៉ុន្តែមានព្រឹត្តិការណ៍ដ៏គួរឱ្យភ្ញាក់ផ្អើលមួយដែលមិនធ្លាប់មានពីមុនមកគឺមានមេដឹកនាំប្រទេសមួយរូបបានធ្វើការទិតៀនទៅលើសារបែបនេះរបស់សម្តេចប៉ាប។ ពិតជាគួរឱ្យសោកស្តាយយ៉ាងខ្លាំងដែលអំណោយដ៏មានតម្លៃដែលត្រូវបានប្រទានដល់មនុស្សជាតិ គឺចិត្ត និងសមត្ថភាពក្នុងការប្រើប្រាស់ភាសាត្រូវបានគេយកមកប្រើដើម្បីបង្កឱ្យមានជម្លោះនិងការបែកបាក់គ្នា។យើងមានអារម្មណ៍សោកសៅចំពោះស្ថានភាពនេះជាខ្លាំងតែមិនអាចធ្វើអ្វីបានក្រៅពីត្អូញត្អែរនិងឈរមើលនោះទេ។

ក៏ប៉ុន្តែទោះជានៅក្នុងពិភពលោកដែលហាក់ដូចជាគ្របដណ្ដប់ទៅដោយភាពងងឹតនិងអនាគតដ៏មិនច្បាស់លាស់ក៏ដោយ ក៏នៅមានសារដ៏មានអានុភាពមួយដែលបញ្ជាក់ថាយើងម្នាក់ៗអាចធ្វើអ្វីមួយបាន។ គឺសារពីព្រះគ្រូយ៉ាស៊ឺអូកា ម៉ាសាហ៊ីរ៉ូដែលជាទស្សនវិទូដ៏ល្បីល្បាញម្នាក់ខាង ទស្សនវិជ្ជាបូព៌ាដែលមានចំណងជើងថា “ប្រតិ  បត្តិការអុជចង្កៀងមួយដើម្បីបំភ្លឺជ្រុងមួយ —ប្រតិបត្តិការអុជចង្កៀងរាប់ម៉ឺនដើម្បីបំភ្លឺគ្រប់ទីកន្លែង”។

“ជាជាងការត្អូញត្អែរអំពីភាពងងឹត ចូរយើងអុជចង្កៀងមួយ។ចូរយើងធ្វើជាចង្កៀងដែលបំភ្លឺភាពងងឹតជុំវិញខ្លួនយើងជាមុនសិន។ចូរយើងបំភ្លឺកន្លែងងងឹតមួយជ្រុងតូចមួយទោះបីជាពន្លឺនោះតូចភ្លឺផ្លុងៗក៏ដោយ។ ចូរយើងបន្តភ្ជាប់ពន្លឺមួយនោះទៅគ្រប់ទីកន្លែងដែលដៃរបស់យើងអាចឈោងទៅដល់។ ប្រសិនបើមនុស្សម្នាក់ៗអុជចង្កៀងមួយនោះមនុស្សមួយម៉ឺននាក់នឹងអុជចង្កៀងមួយម៉ឺនហើយប្រទេសជប៉ុននឹងភ្លឺព្រោងព្រាយឡើងភ្លាមៗ។ នេះគឺជាកកិច្ចប្រតិបត្តិរបស់យើងដោយអុជចង្កៀងមួយដើម្បីបំភ្លឺជ្រុងងងឹតមួយ ហើយតាមរយៈទង្វើនោះ ការបំភ្លឺដោយចង្កៀងរាប់មិនអស់នៅគ្រប់ទីកន្លែងនឹងមានឡើង។ចូរយើងប្រឹងប្រែងយ៉ាងមោះមុតក្នុងបេសកកម្មកែលំអពិភពលោកនេះ។”

ពាក់ព័ន្ធនឹងពាក្យថា “ប្រទេសជប៉ុន” នៅក្នុងសារប្តេជ្ញាចិត្តដែលបានលើកឡើងមកនេះ ប្រហែលជាគួរតែប្រើពាក្យថា “ពិភពលោក” វិញទើបសមជាង។ លើសពីនេះទៅទៀត ខ្ញុំព្រះករុណាអាត្មាភាពយល់ថាពាក្យថា “បេសកកម្មកែលំអពិភពលោក” មិនមែនជាការអំពាវនាវឱ្យបុគ្គលណាម្នាក់ធ្វើការផ្លាស់ប្តូរដ៏ធំធេងតែម្នាក់ឯងនោះទេ ប៉ុន្តែវាជាការអំពាវនាវឱ្យមានសកម្មភាពជាក់ស្តែងដែលយើងម្នាក់ៗអាចធ្វើបានដោយមិនលះ បង់ខ្លួនឯងដើម្បីកែលំអអ្វីៗដែលនៅជិតខ្លួនយើង—ដែលជាការបន្តពីគំនិតដែលខ្ញុំព្រះករុណាអាត្មាភាពបានចែករំលែកកាលពីខែមុនថា៖ “ប្រសិនបើអ្នកអុជចន្លុះដើម្បីបំភ្លឺផ្លូវឱ្យអ្នកដទៃ…”

សម្តេចប៉ាបបានមានបន្ទូលថា “ទោះបីជាមានជំនឿទៅលើសាសនាត្រឹមតែបន្តិចបន្តួចក៏ដោយក្នុងនាមជាមនុស្សជាតិនិងដោយសហការគ្នាក៏យើងអាចប្រឈមមុខនឹងសម័យកាលដ៏ច្របូកច្របល់នៃប្រវត្តិសាស្ត្រនេះបានដែរ”។ នៅពេលដែលសកម្មភាពប្រចាំថ្ងៃរបស់បុគ្គលម្នាក់ៗក្លាយជាពន្លឺដែលបំភ្លឺជ្រុងមួយនៃពិភពលោក ហើយនៅពេលដែលពន្លឺទាំងនោះកើនឡើងដល់រាប់រយលាន ឬរាប់ពាន់លាននោះយើងអាចរំពឹងទុកនូវអនាគតដ៏ភ្លឺស្វាងសម្រាប់ភពផែនដីរបស់យើង—ជាអនាគតដ៏សក្តិ៍សមសម្រាប់ផ្កាយមួយដួងដែលបញ្ចេញពន្លឺពណ៌ខៀវវិចិត្រនៅក្នុងលំហអាកាសដ៏ងងឹតសូន្យសុង។

ក្នុងកម្រិតដែលយើងអាចឈោងដៃទៅដល់

នៅក្នុងសារនេះមានឃ្លាមួយចែងថា «ចូរយើងបង្កើនពន្លឺនៅគ្រប់ទីកន្លែងដែលយើងអាចឈោងដៃទៅដល់» អាចបកស្រាយបានថា «នៅក្នុងដែនកំណត់នៃអ្វីដែលយើងអាចធ្វើបានដោយមិនលះបង់ខ្លួនឯង»។ ឃ្លានេះបង្រៀនយើងថាសកម្មភាពនៃការផ្តល់ឬការធ្វើទាន—ដែលមិនបង្កជាបន្ទុកធ្ងន់ធ្ងរពេកដល់ខ្លួនយើង—អាចក្លាយជាពន្លឺដែលអាចបំភ្លឺពិភពលោកដ៏ងងឹតបាន។ នៅពេលដែលពិចារណាលើចំណុចនេះ វាហាក់ដូចជាមិនមែនជារឿងចៃដន្យឡើយ ដែលថ្ងៃទី ១០ ខែកញ្ញានេះ គឺជាថ្ងៃប្រារព្ធពិធី *ហូអុងកៃ (ពិធីថ្លែងអំណរគុណ) ដល់ *វ៉ាគីសូសាម៉ា * (ព្រះនាមដើមលោកស្រីណាង៉ានុម៉ា មីយោកុដែលជាសហស្ថាបនិកនៃអង្គការរបស់យើង)។

វ៉ាគីសូសាម៉ាជាបុគ្គលដែលចាត់ទុកមនុស្សគ្រប់រូបដែលគាត់បានជួបថាជាកូនបង្កើតរបស់ខ្លួនឯង ហើយគាត់តែងតែផ្តល់ការណែនាំដែលពេលខ្លះមានភាពម៉ឺងម៉ាត់ ក៏ប៉ុន្តែពោរពេញដោយភាពកក់ក្តៅ។ គាត់បានលះបង់ខ្លួនឯងក្នុងសកម្មភាពមេត្តាធម៌ដែលពិតជាឆ្លុះបញ្ចាំងពីស្មារតីនៃ «ការបង្កើនពន្លឺចង្កៀងនៅគ្រប់ទីកន្លែងដែលយើងអាចឈោងដៃទៅដល់»។ រាល់ពេលដែលគាត់បានជួបអ្នកដែលត្រូវការជំនួយ គាត់តែងតែផ្តល់អ្វីៗដែលគាត់មានដោយមិនស្ទាក់ ស្ទើរឡើយ មិនថាជាអាហារ ឬសម្ភារៈ (ដូចជាភួយ ឬខ្នើយ) ប្រាក់កាស ឬសូម្បីតែសម្លៀកបំពាក់ដែលគាត់កំពុងតែស្លៀកពាក់ជាប់នឹងខ្លួនក៏ដោយ។ គាត់ចាត់ទុកអ្វីៗទាំងអស់ថាជាវត្ថុដែល «ព្រះពុទ្ធបានប្រគល់មកឱ្យគាត់ដើម្បីធ្វើទានដល់អ្ន្កកដែលមានការខ្វះខាត» ហើយគាត់នៅតែបន្តអុជចង្កៀងមួយឱ្យឆេះបំភ្លឺជានិច្ច។

នៅពេលដែលយើងងាកមកមើលជីវិតប្រចាំថ្ងៃ “កម្រិតដែលយើងអាចឈោងដៃទៅដល់”គឺអ្នកដែលនៅជិតខ្លួនយើងមិនត្រឹមតែក្រុមគ្រួសារយើងតែប៉ុណ្ណោះទេ ប៉ុន្តែមានអ្នកជិតខាង អ្នកដែលអង្គុយជាប់យើងនៅលើរថភ្លើង ឬរថយន្តក្រុងនិងអ្នកដែលឈរតម្រង់ជួរជាមួយយើងនៅហាងលក់ទំនិញផងដែរ។ ការផ្តល់ស្នាមញញឹមឬពាក្យសម្តីដែលសម្តែងការដឹងគុណដល់មនុស្សទាំងឡាយនោះឬការឈោងដៃទៅជួយអ្នកដែលកំពុងជួបការលំបាក គឺប្រៀបដូចជាពន្លឺដែលបំភ្លឺបរិយាកាសជុំវិញខ្លួនយើង។ ពាក្យសម្តីដែលសម្តែងការយកចិត្តទុកដាក់,ការកោតសរ សើរនិងអំណរគុណចំពោះសមាជិកគ្រួសារក៏ជាពន្លឺដែលផ្តល់ភាពកក់ក្តៅនិងពន្លឺដល់គេហដ្ឋានក៏ដូចជាការបួងសួងជូនពរដល់មនុស្សនៅប្រទេសឆ្ងាយៗដែលកំពុងតែជួបការលំបាកផងដែរ។ លើសពីនេះទៅទៀតមិនថាជនជាតិណា ពូជសាសន៍ណាឬសាសនាណា មនុស្សទូទាំងពិភពលោកសុទ្ធតែមានបំណងប្រាថ្នាដូចគ្នាគឺចង់ឃើញពន្លឺនៃសន្តិភាពសាយភាយទៅគ្រប់ទិសទី។

ឆ្លងកាត់តាមសង្ឃដីការបស់ព្រះស្ថាបនិកកៃសូសាម៉ាដែលចែងថា «ពន្លឺចន្លុះដែលអ្នកអុជបំភ្លឺផ្លូវដើម្បីអ្នកដទៃមួយជ្រុងនឹងមិនរលត់ឡើយ» ។សូមឱ្យយើងបន្តអនុវត្តការបង្រៀននេះកុំបីឈប់ឈរដោយមោះមុតនៅត្រង់កន្លែងដែលយើងកំពុងស្ថិតនៅនេះ។