រស់ និងស្លាប់ នៅក្នុងក្របខ័ណ្ឌនៃព្រះធម៌ដ៏អស្ចារ្យ (១) 

ដោយព្រះគ្រូនីវ៉ាណូ នីជីកុ
ព្រះប្រធានអង្គការរីហ្សកូសេកៃ

ជម្នះលើ «សេចក្ដីស្លាប់»

“ចំណុចសំខាន់នៃការប្រតិបត្តិព្រះធម៌ក្នុងព្រះពុទ្ធសាសនាគឺការ«ឈានទៅឱ្យហួសពីឬការយកឈ្នះលើកើត ចាស់ ឈឺ ស្លាប់»”។ នេះគឺជាឃ្លាមួយដែលដកស្រង់ចេញពីការសម្តែងព្រះធម៌របស់ស្ថាបនិកកៃសូសាម៉ាអំពីទស្សនៈរបស់ព្រះពុទ្ធសាសនាទៅលើជីវិតនិងសេចក្ដីស្លាប់របស់មនុស្ស។ ដោយសារតែ «សេចក្ដីស្លាប់» ជាព្រឹត្តិការណ៍ដ៏សំខាន់បំផុតមួយនៅក្នុងជីវិតរបស់មនុស្ស ការ «ឈានទៅឱ្យហួសពី» ឬការយកឈ្នះលើក្តីកង្វល់ ការភ័យខ្លាច និងទុក្ខវេទនាដែលពាក់ព័ន្ធនឹងវា (ដូចជាថាតើនឹងមានអ្វីកើតឡើងក្រោយពេលស្លាប់ឬក៏ថាខ្ញុំខ្លាចស្លាប់ណាស់ ខ្ញុំមិនចង់ស្លាប់ទេដែលជាការភ័យខ្លាចចំពោះសេចក្ដីស្លាប់) គឺជាផ្នែកដ៏សំខាន់មួយនៃមាគ៌ាព្រះពុទ្ធសាសនា។ ការអប់រំកាយ និងចិត្ត ព្រមទាំងការប្រាថ្នានូវសុភមង្គលសម្រាប់ខ្លួនឯង និងអ្នកដទៃ ស្របពេលដែលសម្រេចបាននូវសន្តិភាពផ្លូវចិត្តគឺជាសេចក្តីព្យាយាមនៅក្នុងមាគ៌ាព្រះពុទ្ធសាសនា។ 

ពាក់ព័ន្ធនឹងទស្សនៈ «រស់ និងស្លាប់» ដែលជាចំណុចសំខាន់មួយនៃមាគ៌ាព្រះពុទ្ធសាសនា ខ្ញុំព្រះករុណាអាត្មាភាពធ្លាប់បាននិយាយថាសេចក្តីស្លាប់ថាគឺជាការវិលត្រឡប់ទៅកាន់ស្រុកកំណើតដែលមានឈ្មោះថា «មហាជីវិតដ៏អស្ចារ្យ»វិញផងម្យ៉ាងទៀតផ្អែកទៅលើសំណេររបស់សាស្ត្រាចារ្យសាជី ហារឹអូ ដែលជារូបវិទ្យាទ្រឹស្តីវិទូ ខ្ញុំព្រះករុណាអាត្មាភាពបានបង្ហាញពីទស្សនៈនៃជីវិតថាជីវិតរបស់យើងគឺជាអ្វីដែលផ្ជាប់ទៅជាខ្លួនមួយជាមួយនឹងចក្រវាល។ «បើនិយាយឱ្យជ្រុលបន្តិចទៅ គឺថាយើងរាល់គ្នាកំពុងរស់នៅជីវិតអមតៈជារៀងរាល់ថ្ងៃ»។ 

នៅពេលដែលយើងមើលទៅ «ជីវិត» ពីទស្សនៈចក្រវាល ដែលស្របនឹងការបង្រៀននៃព្រះធម៌បទុមសូត្រដែរ យើងនឹងឃើញថាយើងទាំងអស់គ្នារស់នៅ «ជីវិតអមតៈ» ដែលបន្តពីអតីតកាលចាប់តាំងពីការកកើតនៃចក្រវាលរហូតទៅដល់អនាគតកាល។ 

ប្រសិនបើយើងទទួលយកទស្សនៈនេះ សេចក្តីស្លាប់នឹងមិនមែនជាអ្វីដែលត្រូវខ្លាចនោះទេ ហើយការថប់បារម្ភ និងការព្រួយបារម្ភទៅលើសេចក្តីស្លាប់នឹងត្រូវបានបន្ធូរបន្ថយខ្លះ។ 

មីយ៉ាហ្សាវ៉ា គេនជី ជាកវីនិពន្ធម្នាក់ដែលប្រឈមនឹងសេចក្តីស្លាប់នៅនឹងមុខពិតៗហើយបានជម្នះលើទុក្ខវេទនានៃរស់និងស្លាប់តាមរយៈជំនឿទៅលើព្រះធម៌បទុមសូត្រដែលអធិប្បាយថាជីវិតរបស់ព្រះពុទ្ធអមតៈ។ នៅក្នុងកំណាព្យមួយដែលចាប់ផ្តើមដោយ “ខ្ញុំក៏នឹងស្លាប់ / ថ្ងៃនេះ ឬថ្ងៃស្អែក” គេនជីបានបើកបង្ហាញពីស្ថានភាពផ្លូវចិត្តរបស់គាត់ថា “ពេលខ្ញុំស្លាប់ទៅ ខ្ញុំនឹងត្រឡប់ទៅរកភាពទទេវិញ / ខ្ញុំនឹងមានអារម្មណ៍ជាខ្លួនឯងជាថ្មីម្តងទៀត / (សូមសង្ខេប) / ឈ្មោះនៃព្រះធម៌ដើមនោះមានឈ្មោះថាសទ្ធម្មបុណ្ឌរិកសូត្រ(ព្រះបទុមសូត្រ) “។ គាត់ជឿថាក្រោយពេលស្លាប់ យើងត្រឡប់ទៅចក្រវាលដែលជា “មហាជីវិតដ៏អស្ចារ្យ”ហើយនៅទីបំផុតក៏នឹងកើតជាថ្មីដូច ដែលបានបង្ហាញនៅក្នុងគម្ពីរសទ្ធម្មបុណ្ឌរិកសូត្រ(ព្រះបទុមសូត្រ) ។ 

តាមរយៈព្រះធម៌នៃគម្ពីរសទ្ធម្មបុណ្ឌរិកសូត្រ(ព្រះបទុមសូត្រ)គេនជីបានចាប់ភ្លឹកពីអត្ថិភាពផ្ទាល់ខ្លួនដែលរស់នៅ “ជីវិតអមតៈ” ហើយក៏បានស្រោចស្រង់ពីទុក្ខវេទនានៃជំងឺ។ គេនជី បានសរសេរបន្ថែមទៀតថា”រស់ក៏រស់ជីវិតនៃសទ្ធម្មបុណ្ឌ រិកសូត្រ(ព្រះបទុមសូត្រ)  / ស្លាប់ក៏ស្លាប់ជីវិតនៃសទ្ធម្មបុណ្ឌរិកសូត្រ(ព្រះបទុមសូត្រ) ដែរ”។ មានន័យថាគាត់អាចទទួលយកយ៉ាងបានបទទាំង “ជីវិត” ដែលមានជំងឺ និង “សេចក្តីស្លាប់”ដែលកំពុងតែខិតមកជិតគាត់ថាជាធម៌ដ៏អស្ចារ្យ(សច្ចធម៌) ។ 

យើងទាំងឡាយរស់នៅ “ជីវិតអមតៈ”

មីយ៉ាហ្សាវ៉ា គេនជី បានសរសេរកំណាព្យនេះ (នៅខែកុម្ភៈ ឆ្នាំ 1929) ប្រហែលជាបួនឆ្នាំមុនមរណភាពរបស់គាត់ គឺនៅពេលដែលគាត់មានអាយុ 33 ឆ្នាំ។ ជាការកម្រណាស់ចំពោះយុវជនដែលមានទស្សនៈបែបនេះអំពីជីវិត និងសេចក្តីស្លាប់ទាំងនៅវ័យក្មេងបែបនេះ។ ជាការពិតឥតសង្ស័យថាទស្សនៈនេះទទួលឥទ្ធិពលពីការបង្រៀនប្រៀនប្រដៅនៃព្រះធម៌បទុមសូត្រ។ 

គ្មាននរណាម្នាក់ដឹងថាតើគេនឹងទៅណា ឬនឹងមានអ្វីកើតឡើងបន្ទាប់ពីស្លាប់ទៅនោះទេ។ យ៉ាងណាមិញនៅពេលដែលដឹងថាយើងបន្តរស់នៅ “ជីវិតអស់កល្បជានិច្ច” ទាំងឥឡូវនេះ និងក្រោយពេលស្លាប់ វានឹងនាំមកឱ្យយើងនូវសេចក្តីស្ងប់ក្សេមក្សាន្តខាងផ្លូវចិត្ត ។ សេចក្តីអំណររបស់គេនជី នៅពេលដែលបានភពប្រសព្វនឹងព្រះធម៌បទុមសូត្រ គឺជាសេចក្តីអំណររបស់យើងរាល់គ្នាដែលមានជំនឿដូចគ្នាដែរ។ 

អារម្មណ៍ផ្ទាល់ខ្លួនរបស់ខ្ញុំព្រះករុណាអាត្មាភាពផ្ទាល់ពីមុនរហូតមកដល់ឥឡូវនៅតែមិនប្រែប្រួល ដែលគិតថា “ប្រសិនបើខ្ញុំព្រះករុណាអាត្មាភាពអាចស្លាប់បែបកៃសូសាម៉ាបានមិនដឹងជាល្អយ៉ាងណាទេ” ដោយបានឃើញផ្ទាល់នឹងភ្នែកនូវការវិលត្រឡប់ដ៏ក្សេមក្សាន្តនៃព្រះស្ថាបនិកកៃសូសាម៉ាទៅកាន់ស្រុកកំណើតនៃជីវិត។ ខ្ញុំព្រះករុណាអាត្មាភាពអាចទទួលយកសេចក្តីស្លាប់ដោយអារម្មណ៍ស្ងប់ស្ងាត់ហើយក៏សូមអរគុណចំពោះការស្រាវជ្រាវបន្តបន្ទាប់ទៅលើជីវិតរបស់បុព្វការីរៀមច្បងទាំងឡាយ និងអំណាចនៃជំនឿផងដែរ។ 

យ៉ាងណាមិញ សេចក្តីស្លាប់នឹងចូលមកដល់មនុស្សគ្រប់ៗគ្នាមិនថាគេមិនថាយើង។ ប្រហែលជាគ្មានសេចក្តីស្លាប់ណាដែលមនុស្សអាចទទួលយកដោយបានបទនោះទេ។ នោះហើយជាមូលហេតុដែល «កើតចាស់ឈឺស្លាប់»បានទៅជាប្រធានបទសំខាន់មួយក្នុងជីវិត។ ដោយសារតែមនុស្សគ្រប់គ្នានឹងត្រូវប្រឈមមុខនឹងសេចក្តីស្លាប់ការក្រេបជញ្ជក់រសជាតិនៃសេចក្តីរីករាយនៃការរស់នៅបច្ចុប្បន្ន និងការរស់នៅ «ពេលឥឡូវនេះ» ដោយសុខដុមរមនាជាមួយអ្នកដទៃជាច្រើន គឺជាសុភមង្គលដ៏អស្ចារ្យបំផុត។ 

ច្នេះនៅក្នុងលំហូជាបន្តបន្ទាប់ឥតដាច់នៃ«ជីវិតអមតៈ»ដែលមានជីវិតក្នុងជាតិនេះមួយដែរវាគ្មានហេតុផលអ្វីដែលយើងត្រូវទទួលរែកពុនទុក្ខវេទនានៃកើតចាស់ឈឺស្លាប់នោះទេ។ខ្ញុំព្រះករុណាអាត្មាភាពនឹងពិចារណារឿងនេះម្តងទៀតនៅពេលក្រោយ។